ចាប់តាំងពីមានព្រឹត្តិការណ៍ ថ្ងៃ 20 កុម្ភៈមក ជំងឺ Covid-19 បានអារាតត្បាត កន្លែងជាច្រើននៃទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត។ Stop Covid-19 ជាប្រព័ន្ទ QR-Code ត្រូវបានដាក់អោយប្រើប្រាស់។
ដោយហេតុនេះហើយអត្ថបទមួយនេះ មិនបានពាក់ព័ន្ធទៅនឹងគោលបំណងនៃ ប្រភេទប្រធានបទរបស់គេហទំព័រ AFFCAM ទេ។ តែជាការចូលរួមចែករំលែក និងផ្សព្វផ្សាយ ក្នុងគោលបំណងលុបបំបាត់ជំងឺនេះចេញពីប្រទេសយើង ខ្ញុំសូមចែករំលែកអំពីវិធីស្នើសុំយក QR Code “Stop Covid” មកបង្ហាញជាពិសេស។
រហូតមកដល់ថ្ងៃនេះ ចំនួនអ្នកឆ្លងនៅតែមានជាបន្តបន្ទាប់ ដូច្នេះហើយទើបរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ក្នុងគោលដៅបន្តអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យននៃការរីករាលដាលនៃជំងឺ ដ៏កាចសាហាវមួយនេះ។
ជាមួយនឹងប្រព័ន្ធនេះ លោកអ្នកអាចស្កេន QR Code ដែលម្ចាស់ទីតាំង ជាទូទៅបានបិតនៅ និងច្រកទ្វាចូលតែម្តង។ ក្រោយពេលស្កេនរួចហើយ អ្នកអាចទទួលបានដំណឹងយ៉ាងឆាប់រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺ Covid-19 នេះ។
សម្រាប់ទីតាំងដូចជា ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានមនុស្សជួបជុំច្រើន អាចចូលទៅចុះឈ្មោះតាមវេបសាយខាងក្រោម ដើម្បីទទួលយកប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នេះសម្រាប់អង្គភាពរបស់ខ្លួន ដោយធ្វើតាមការណែនាំដូចខាងក្រោម៖
ចាប់ផ្តើមស្នើសុំ
ជំហានទី១៖ ចូលទៅកាន់គេហទំព័រ stopcovid.gov.kh

ជំហានទី២៖ ចុចលើពាក្យថា “ស្នើសុំ QR Code”
ជំហានទី៣ ៖ បំពេញឈ្មោះហាង លេខទូរសព្ទទំនាក់ទំនង អ៊ីម៉ែល(បំពេញក៏បានអត់ក៏បាន) និងអសយដ្ឋានអង្គភាព រួចចុចពាក្យថា “ស្នើសុំ QR Code” បន្ទាប់មកចុចពាក្យថា “Download” ដើម្បីទទួលបាន QR Code។

ជំហានទី៤៖ ដោយពីបានបង្កើត QR Code Stop Covid រួចហើយ អ្នកត្រូវព្រីន QR Code ដែលបានបង្កើតនោះ រួចយកទៅបិតនៅច្រកចេញ-ចូល ទីតាំងរបស់អង្គភាពសាមីដែលផ្តល់ភាពងាយស្រួលដល់ការស្កេន។
សូមសាធារណជនទាំងអស់ សហការចូលរួមស្កេន QR Code “ទប់ស្កាត់កូវីដ Stop Covid” នេះអោយបានគ្រប់ៗគ្នា និង គ្រប់ទីកន្លែងដែលយើងចេញចូល។
« អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធនេះ គឺផ្ដល់ភាពងាយស្រួលក្នុងការជូនដំណឹងត្រឡប់ទៅបងប្អូនវិញ ក៏ដូចជាសម្រួលដោយការស្វែង រកតាមដាននូវបុគ្គលសង្ស័យ ដែលអាចពាក់ព័ន្ធទៅនឹងករណីឆ្លងជំងឺ នៅពេលដែលទីតាំងដែលបងប្អូនអញ្ជើញទៅដល់នេះរកឃើញមានវិជ្ជមាននៃវីរុសកូវីដ-១៩ ។ ហើយខ្ញុំសូមបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធនេះគឺជាវិធានការបន្ថែមទៅលើវិធានការដែលមានស្រាប់ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អ៊ីចឹងតាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ ក៏មិនអាចជំនួសអ្វីដែលរាជរដ្ឋាភិបាលធ្លាប់បានដាក់ចេញអនុវត្តកន្លងមក នូវវិធានការផ្សេងៗទៀតដែរ ដោយសារតាមរយៈនេះ ក៏ស្នើសុំការយោគយល់ពីសាធារណៈជនទាំងអស់ ថាយើងទាំងអស់គ្នារស់នៅក្នុងគន្លងបែបថ្មី ដូច្នេះតាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ នៅពេលដែលបងប្អូនអញ្ជើញចូលទីតាំងណាមួយ អាចនឹងចំណាយពេលបន្ថែមបន្តិចបន្តួចទៀត ប៉ុន្តែទោះជាយ៉ាងណា នេះជារបៀបដែលយើងនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ »។
ប្រយោគនេះដកស្រង់ពី www.rnk.gov.kh
សូមបញ្ជាក់ផងដែរថា: ប្រព័ន្ធស្កេន QR Code នេះមិនតម្រូវឱ្យ មានការចំណាយណាមួយនោះទេ ។
ប្រព័ន្ធនេះ នឹងកត់ត្រាទុកទីតាំងរបស់បុគ្គលដែលបាន ចេញ-ចូល តាមរយៈការស្កេន ហើយប្រព័ន្ធនេះមិនមានការតាមដាន ឯកជនភាពរបស់បុគ្គលទេ។
របៀបនៃការ ស្កេន QR Code “ទប់ស្កាត់កូវីដ Stop Covid”
ដើម្បីធ្វើការស្កេន QR Code យើងត្រូវអនុវត្តតាមជំហានខាងក្រោម:
ជំហានទី១៖ ស្កេន QR Code ដោយប្រើប្រាស់ កម្មវិធីស្កេន QR Code ឬ ប្រើកាមេរ៉ាទូរសព្ទដៃដែលអនុញ្ញាតិអោយស្កេន QR Code បាន។ ក្នុងករណីទូរស័ព្ទខ្លះមិនអាចស្កេន QR Code បានតាមរយៈកាមេរ៉ា លោកអ្នកអាច ចូលទៅកាន់គេហទំព័រ stopcovid.gov.kh ដោយផ្ទាល់ រួចចុចលើប្រអប់ពណ៌ក្រហមដែលមានពាក្យថា “ចាប់ផ្តើមស្កេន”

ជំហានទី២៖ ចំពោះការចុះឈ្មោះលើកដំបូង សូមលោកអ្នកវាយលេខទូរស័ព្ទ រួចចុចលើពាក្យ “បន្ត”
ជំហានទី៤៖ វាយលេខកូដ ៦ខ្ទង់ ដែលបានផ្ញើសារទៅកាន់ទូរស័ព្ទដៃរបស់លោកអ្នក ជាការស្រេច។
ចំពោះការស្កេនលើកក្រោយៗ គ្រាន់តែអនុវត្តតាមជំហានទី១ ខាងលើ។


សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលទាក់ទងបឋម (Call Center) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ លេខទូរសព្ទកូដខ្លី 123 (ហៅចូលដោយឥតគិតថ្លៃ) ឬ 099 888 516 | 012 979 079។
Add comment