លោកអ្នកច្បាស់ជាដឹងហើយថា វិបត្តិកូវីដចេះតែបន្ត មកដល់ពេលនេះ មិនទាន់ច្បាស់នូវឡើយទេថា និងបញ្ចប់បានដោយជោគជ័យនៅពេលណានោះទេ។ ដូច្នេះហើយ ការធ្វើដំណើរចេញពីផ្ទះ ដើម្បីរកលុយចិញ្ចឹមជីវិតជារឿងមួយដែលចាំបាច់ និងជៀសមិនរួច តែប្រសិនបើអ្នកអាច ចាប់ផ្តើមបង្កើតវិធី រកលុយតាមអ៊ីធើណេត បានដោយមិនបាច់ចេញពីផ្ទះ នោះច្បាស់ជារឿងមួយដែលល្អបំផុត ហើយមានសុវត្ថិភាព។
នៅក្នុងអត្ថបទនេះ ខ្ញុំនិងចែករំលែកគំនិតមួយចំនួន ដែលយើងអាចចាប់ផ្តើមគិតពិចារណា ទាំងអស់គ្នាក្នុងការចាប់ផ្តើម បង្កើតចំណូលតាមរយៈអ៊ីធើណេត ដែលមានគ្រប់ដណ្តប់សឹងតែទូទាំងប្រទេសយើងស្រាប់ទៅហើយ។ សម័យនេះ ប្រជាជននៅប្រទេសយើង ខ្ញុំជឿថាច្បាស់ជាអាច មានអ៊ីធើណេតប្រើប្រាស់ខ្លះហើយនៅតាមទីប្រជុំជន ដូច្នេះហើយក្រៅពីការប្រើ អ៊ីធើណេត ដើម្បីកំសាន្តអារម្មណ៍ ឬ ស្រាវជ្រាវព័ត៌មានផ្សេងៗ យើងក៏អាចប្រើវាដើម្បីរកលុយផងដែរ។
មកដល់ត្រង់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា មិនមែនលោកអ្នកអានអត្ថបទនេះចប់ ចាប់ផ្តើមធ្វើភ្លាម ក៏ឃើញថាបានលុយភ្លាម ឬ ក៏ចាប់ផ្តើមធ្វើភ្លាម ហើយប៉ុន្មានខែហើយនៅមិនទាន់ឃើញមានចំណូល លោកអ្នកក៏បាក់ទឹកចិត្តនោះទេ។
រកលុយតាមអ៊ីធើណេត មិនមែនជារឿងធ្វើថ្ងៃនេះ ស្អែកឡើងក៏ជោគជ័យនោះទេ វាប្រៀបដូចជាដើមឈើមួយដើម ដែលត្រូវការ ការមើលថែ និងស្រោចទឹក ហើយទាមទារអោយអ្នក ដាក់ចិត្ត មានភាពអំណត់ រៀនសូត្របន្ថែមពី អត្ថបទក្រៅស្រុកដែលគេដើរមុនយើង ហើយយកចំណេះដឹងមកកែឆ្នៃបន្ថែម រៀបចំយុទ្ធសាស្រ្តផ្សេងៗ។ ប៉ុន្មានចំនុចនេះ ប្រសិនបើអ្នកធ្វើបាន អ្នកមុខតែអាចរកចំណូលបានប្រាកដមែន។

បង្កើតគេហទំព័រ ឬ ប្លក់
ជារឿយៗ ប្រសិនបើអ្នកធ្លាប់បានអាន អត្ថបទផ្សេងមិនថាខ្មែរ ឬ បរទេស ទាក់ទងនិងការរកចំណូលតាមអ៊ីធើណេត អ្នកប្រាកដជាបានឃើញ គេតែងតែណែនាំអោយអ្នក បង្កើតគេហទំព័រ មួយដើម្បីជាការចាប់ផ្តើមដំណើរការ រកលុយតាមអ៊ីធើណេត ។
មូលហេតុដែលយើងត្រូវមានគេហទំព័រព្រោះថា គេហទំព័រគឺគ្រប់គ្រងដោយអ្នកផ្ទាល់ អ្នកអាចប៉ុស្តអ្វីក៏បាន លក់អ្វីក៏បាន ចង់ផ្សព្វផ្សាយអ្វីក៏បាន ទំព័រជារបស់អ្នក លក់អ្វីស្រេចតែចិត្តអ្នក ដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មអ្វីក៏បាន តាមតែអ្នកប្រាថ្នា។ ដូច្នេះហើយមានគេហទំព័រមួយ គឺជារឿងមួយដែលល្អ ក្នុងការចាប់ផ្តើមក្នុងវិស័យ រកលុយតាមបែបបច្ចេកវិទ្យានេះ។
គេហទំព័រគឺជារបស់អ្នក ដូច្នេះហើយអ្នកអាច រកលុយតាមអ៊ីធើណេត ដោយការដាក់តាំង ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់បណ្តាក្រុមហ៊ុនផ្សេងៗ មិនថាក្រៅស្រុកឬ ក្នុងស្រុក។ ក្រៅពីនេះ លោកអ្នកក៏អាចផ្សព្វផ្សាយពាណិជ្ជកម្មរបស់ផ្សេងៗ ដែលទាក់ទងនិងផលិតផល Affiliate Products ដែលវាក៏ជាផ្នែកមួយក្នុងការបង្កើនចំណូលអោយអ្នកបានដែរ។ អ្នកអាចដាក់តាំងលក់ផលិតផល Affiliate ទាំងនោះ នៅផ្នែកណាមួយក៏បាន នៃគេហទំព័ររបស់អ្នក ដែលអ្នកគិតថា វានិងត្រូវបានមើលឃើញច្បាស់ ហើយជាកន្លែងដែលអាចទាក់ទាញអតិថិជនបាន។ ឃើញទេ? ត្រង់ចំណុចនេះហើយ ដែលខ្ញុំលើកឡើងថា ទំព័រជារបស់អ្នក អ្នកចង់ធ្វើអ្វីក៏បាន។
ការចាប់ផ្តើមបង្កើតគេហទំព័រមួយ មិនមែនពិបាកខ្លាំងណាស់ណាទេ។ លោកអ្នកអាចចាប់ផ្តើម ដោយប្រើប្រាស់កម្មវិធី WordPress ដែលជាទម្រង់គ្រប់គ្រងគេហទំព័រមួយដែលល្បី ហើយងាយស្រួលប្រើ បើទោះបីជាអ្នកមិនចេះសរសេរកូដក៏ដោយ។ លោកអ្នកអាច អានអត្ថបទមួយដែលខ្ញុំបានសរសេរគឺ: បង្កើតប្លក់ ជាមួយ WordPress ងាយស្រួលចាប់ផ្តើម ។ ប្រសិនបើអានហើយ លោកអ្នកនៅតែមិនអាចបង្កើតបានទៀត លោកអ្នកអាច ទំនាក់ទំនងមកខាង AFFCam យើងខ្ញុំនិងមានសេវាកម្មក្នុងការ រៀបចំជូនលោកអ្នកបាន។
លក់ផលិតផលសិប្បកម្មផ្សេងៗ
នៅស្រុកគេ មានគេហទំព័រជាច្រើន ដែលផ្តល់ឳកាសអោយអ្នកដែលមានអាជីវកម្មខ្នាតតូច រកលុយតាមអ៊ីធើណេត បានដោយងាយ ដោយគ្រាន់តែលក់ផលិតផល ដែលធ្វើដោយដៃ ជាច្រើនមិនថា ខ្សែដៃ ធ្វើដោយអំបោះ ឬ ខ្សែក្រវ៉ាត់ធ្វើពីស្បែក នៅមានផលិតផលផ្សេងៗទៀតជាច្រើន ដែលគេអាចលក់បាន ដោយមិនចាំបាច់ចេញពីផ្ទះ។ មកដល់ត្រង់ចំណុចនេះ នៅស្រុកយើងក៏មានសេវាកម្មដឹកជញ្ជូនឥវ៉ាន់ដល់ផ្ទះ កាន់តែសំបូរបែប ដូច្នេះហើយគ្រាន់តែតេហៅគេមកដឹកឥវ៉ាន់នោះទៅជាការស្រេច។ ចំពោះការបង់ប្រាក់ ក៏កាន់តែពិសេស និងងាយស្រួលបំផុតហើយ ព្រោះខ្ញុំគិតថា មានចំនួនអ្នកប្រើប្រាស់ សេវាកម្មធនាគារ និង សេវាកម្មបង់លុយតាមប្រព័ន្ធទំនើបៗ កើនឡើងជាច្រើន ដែលនាំអោយ ការដឹកជញ្ចូនឥវ៉ាន់ និងការយកលុយពីអតិថិជន មិនមែនជាឧបសគ្គសម្រាប់អ្នកនោះទេ។
បង្កើត Youtube Channel
រកលុយតាមអ៊ីធើណេត ដោយប្រើប្រាស់ Youtube នេះមិនមែនជារឿងថ្មីនោះទេ។ មនុស្សជាច្រើនបានចាប់យកការប្រើប្រាស់ សេវានេះដើម្បីរកលុយតាមអ៊ីធើណេត រួចទៅហើយ។ អ្នកខ្លះគាត់ធ្វើជាអ្នកផ្តល់មតិយោបល់ទាក់ទងនិងផលិតផល សម្ផស្ស គាត់អាចធ្វើជាអ្នកដំណាងផលិតផលនោះ ហើយក៏អាចរកចំណូលបានពីការលក់ ឬ ណែនាំរបស់គាត់ដល់អតិថិជន។
ការធ្វើបែបនេះ ក៏មិនតម្រូវអោយគាត់ចេញពីផ្ទះដែរ មែនទេ? គាត់គ្រាន់តែត្រូវការអ៊ីធើណេត ហើយគាត់ក៏អាចថត ឬ រៀបចំផ្សាយផ្ទាល់ដើម្បីលក់ផលិតផល ឬ ណែនាំផលិតផលទាំងនោះជាការស្រេច។ ក្រៅពីនេះ ក៏នូវមានអ្នកខ្លះគាត់បាន បង្កើត Youtube Channel ដើម្បីនិយាយសង្ខេប ណែនាំ សាច់រឿង ណាមួយដើម្បីអោយអ្នកទស្សនា Channel គាត់បានដឹង និងយល់ពីរឿងនោះ។ ការធ្វើបែបនេះក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ ប្រសិនបើលោកអ្នកមិនទាន់មាន Youtube Channel ទេ គួរតែចាប់ផ្តើមបង្កើតឥឡូវនេះ ហើយចាប់ផ្តើមរៀបចំយុទ្ធសាស្រ្តក្នុងការ រកលុយតាមអ៊ីធើណេត ដូចអ្នកជោគជ័យផ្សេងៗដែរទៅ។ ការចាប់ផ្តើមជាមួយ Youtube គឺមិនតម្រូវអោយអ្នកចំណាយលុយអ្វីទាំងអស់។
លក់សៀវភៅ ឬ វីដេអូបង្រៀន
ប្រសិនបើអ្នកមានសៀវភៅ ឬ ឯកសារវីដេអូបង្រៀន លោកអ្នកក៏អាចដាក់លក់ នៅលើគេហទំព័ររបស់អ្នក ឬ ប៉ុស្តតាមហ្វេសបុក ឬក៏តាមគេហទំព័រសម្រាប់លក់ដូរ ដែលល្បីនៅស្រុកយើងគឺ Khmer24.com ទាំងអស់នេះគឺសុទ្ធតែជាកន្លែងដែលអ្នកអាច លក់សៀវភៅ ឬ វីដេអូរបស់អ្នកបានដោយមិនបាច់ចំណាយលុយនោះទេ។ ការលក់សៀវភៅ និងវីដេអូ គឺពេញនិយមណាស់នៅស្រុកគេ ហើយពួកគាត់ក៏ រកលុយ បានច្រើនពីការលក់ទាំងអស់នោះដែរ។ ដូច្នេះហើយប្រសិនបើអ្នក មានរបស់ទាំងអស់នោះសម្រាប់លក់ហើយ នៅចាំអីទៀត ផ្សព្វផ្សាយអោយបានច្រើនកន្លែង អោយបានច្រើនគោលដៅ និងដល់អតិថិជនរបស់អ្នក។ ដូច្នេះហើយ ការលក់បែបនេះក៏ជាផ្នែកមួយដែលអ្នកអាចធ្វើបាន ដោយមិនចាំបាច់ចំណាយពេល ចេញពីផ្ទះឬក៏មកជួបទំនាក់ទំនងផ្ទាល់ជាមួយអតិថិជនរបស់អ្នកដែរ។
រកលុយតាមរយៈការប៉ុស្តផ្សាយពាណិជ្ជកម្ម
ប្រសិនបើអ្នកមាន អ្នកតាមដានច្រើន ក្នុងគណនី Instagram ឬហ្វេសបុក, Youtube ឬ តេឡេក្រាម អ្នកអាចលក់សេវាកម្មដូចជា ទទួលប៉ុស្តផ្ទាំងផ្សាយពាណិជ្ជកម្ម ដោយកំណត់តម្លៃណាមួយ ដែលអ្នកចង់យកពីម្ចាស់ផលិតផលទាំងនោះ។ អ្នកក៏អាចយកលុយពីវីដេអូពាណិជ្ជកម្ម ដោយដាក់បញ្ចូលវីដេអូពាណិ្ជកម្មនោះ នៅផ្នែកខាងមុខ ឬ ខាងក្រោយ នៃវីដេអូរបស់អ្នក ធ្វើបែបនេះក៏អាចរកចំណូលបានផងដែរ។ តែកុំភ្លេចថា ធ្វើបែបនេះបានទាល់តែអ្នកមានចំនួនអ្នកគាំទ្រ ឬ អ្នកតាមដានច្រើន ដើម្បីអោយអ្នកក្លាយជាមនុស្សដែល ជាជម្រើសរបស់ម្ចាស់អាជីវកម្ម។
ចាប់អារម្មណ៍ និងអាជីវកម្មប្រភេទអ៊ីធើណេតបែបនេះ? លោកអ្នកអាចអានបន្តទៀត នៅអត្ថបទមួយដែលខ្ញុំបានចែករំលែកពីមុនដែលមានចំណងជើងថា: អាជីពអនឡាញ ទាំង១៤: អ្នកចាប់ផ្តើមបាននៅឆ្នាំ ២០២១ ។
Add comment